សេចក្តីថ្លែងអំណរគុណ
kh"
ការរៀបចំចងក្រងសៀវភៅនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈគ្រប់គ្រងនៃ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី (NGS) រាជធានីភ្នំពេញ។ ការងារជាក្រុមអ្នករៀបរៀងសូម សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះរាល់ការគាំទ្រ និងការជំរុញលើកទឹកចិត្តទាំងនេះ។
ជាមួយគ្នានេះដែរ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសមាជិកក្រុមការងារបច្ចេកទេសប្រចាំ វិទ្យាល័យ ដែលមានរាយនាម នៅទំព័របន្ទាប់ ព្រមទាំងលោកគ្រូ អ្នកគ្រូផ្នែកគណិតវិទ្យាទាំងអស់ដែល នឹងយក សៀវភៅនេះ ទៅប្រើប្រាស់ជាក់ស្តែងក្នុងការបង្រៀន។ រាល់មតិស្ថាបនារបស់លោកគ្រូ អ្នកគ្រូ គឺជាធាតុចូល ដ៏សំខាន់បំផុត សម្រាប់ការកែលម្អគុណភាពនៃការបោះពុម្ពនៅពេលក្រោយ។
ខ្លឹមសារស្តីពីការពន្យល់ក្របខណ្ឌវាយតម្លៃនៅក្នុងសៀវភៅនេះ ត្រូវបានចងក្រងឡើងដោយផ្អែកលើ ឯកសារ PISA 2022 Assessment and Analytical Framework និង PISA for Development Assessment and Analytical Framework របស់អង្គការ OECD។ ដោយឡែក សម្រាប់ឯកសារជាភាសាខ្មែរ សៀវភៅនេះបានធ្វើការយោងទៅលើឯកសារជំនួយ ស្មារតីរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួនពីរច្បាប់រួមមាន៖ «សំណួរតេស្តគំរូគណិតវិទ្យា PISA-D» ដែលរៀបរៀងដោយនាយកដ្ឋានធានាគុណភាពអប់រំ ក្រោមការឧបត្ថម្ភថវិកាពីគម្រោង SEIP ក្នុងឆ្នាំ ២០២០ និង «សំណួរតេស្តគំរូគណិតវិទ្យា PISA» ដែលរៀបចំ ដោយនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ក្រោមការឧបត្ថម្ភថវិកាពីគម្រោង GEIP ចេញផ្សាយនៅខែមិថុនា ឆ្នាំ ២០២៥។ អ្នករៀបរៀងសូមវាយតម្លៃខ្ពស់ ចំពោះឯកសារប្រភពទាំងនេះ ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់ការងាររៀបរៀងមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ រាល់ការបកស្រាយ ការសម្រេចចិត្ត និងកំហុសអចេតនាណាមួយដែលកើតមានក្នុងសៀវភៅនេះ គឺជាការទទួលខុសត្រូវ របស់ក្រុមអ្នករៀបរៀងផ្ទាល់ ហើយវាមិនឆ្លុះបញ្ចាំងពីទស្សនៈ ឬគោលជំហរផ្លូវការណាមួយរបស់ស្ថាប័នដែលរៀបរាប់ខាងលើឡើយ។